ឯកឧត្តម ម៉ុម សារឿន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១១៥ គ្រួសារ រស់នៅក្នុងស្រុកថាឡាបរិវ៉ាត
ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១១៥គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតចំនួន២ភូមិ រួមមានៈភូមិកេស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទាំង១១៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេះ និងឃីតមួយ មានមុង១ ភួយ១ ក្រម៉ា១សារុង១ និងអាវយឺត១។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕