ប្ដីចាក់សាំងដុតសម្លាប់ប្រពន្ធទាំងរស់ នៅស្រុកពញាឮ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ
ខេត្តកំពង់ស្ពឺ៖ករណីឃាតកម្មគិតទុកជាមុន ប្ដីចាក់សាំងដុតសម្លាប់ប្រពន្ធទាំងរស់ នៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនគរបាលខេត្តកំពង់ស្ពឺ តាមចាប់ខ្លួនបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចភូមិសាស្ត្រចំការអំពៅ ក្រុមហ៊ុនស៊ូហ្គើ ស្ថិតនៅក្នុងភូមិពាមសរ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គ្រាដែលជនសង្ស័យរត់គេចខ្លួនកំពុងសំងំនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
គួររម្លឹកដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ជនសង្ស័យឈ្មោះ ងួន ហៅតឿ អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ បានចាក់សាំងដុតសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ សរ ចាន់ អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅចំណុចភូមិព្រៃផ្ចឹត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះនិងជនសង្ស័យ មានទំនាក់ទំនងស្នេហា និងបានរស់នៅជាមួយគ្នាជាប្តី-ប្រពន្ធរហូតមកតាំងពីឆ្នាំ២០១៨ លុះមកដល់អំឡុងខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានមករករឿងជនរងគ្រោះ ដោយប្រចណ្ឌមកលើជនរងគ្រោះ និងចោទថា ជនរងគ្រោះលួចមានប្រុសថ្មី ហើយមិននិយាយរកគ្នាជាង០១ខែមកហើយ។
លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានសុំជនរងគ្រោះត្រូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រម បន្ទាប់មកជនសង្ស័យ ទៅដេកលើគ្រែក្នុងផ្ទះតែម្នាក់ឯង ចំណែកជនរងគ្រោះបានដេកលើគ្រែខាងមុខ ជាមួយកូនស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៩ឆ្នាំ ពេលនោះស្រាប់តែជនសង្ស័យ បានយកសាំង០៤ដបទឹកសុទ្ធ ចំណុះកន្លះលីត្រ ស្មើ០២លីត្រ ដែលបានទិញទុករួចជា ស្រេចយកទៅចាក់ស្រោចលើជនរងគ្រោះដុតរួចហើយជនសង្ស័យ លូនចេញតាមប្រឡោះក្តារជញ្ជាំងផ្ទះគេចខ្លួនបាត់ទៅ។
ភ្លាមនោះកូនស្រី របស់ជនរងគ្រោះភ្ញាក់ដឹងខ្លួន ឃើញភ្លើងឆេះម្តាយ ក៏ស្រែកឆោឡោឲ្យគេជួយពន្លត់ និងបានដឹកយកម្តាយទៅព្យាបាលរបួស នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ រហូតដល់ម៉ោង១១ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង៕