លួចថតស្ត្រី៣នាក់ កំពុងងូតទឹកក្នុងបន្ទប់ តាមប្រឡោះឥដ្ឋ ត្រូវម្តាយជនរងគ្រោះ ប្តឹងទៅនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ចាប់ឃាត់ខ្លួន
ខេត្តកណ្ដាល៖កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ា ចាន់ថៃ ហៅឆង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយស្ត្រីរងគ្រោះ រឿងលួចថតកូនស្រីរបស់គាត់កំពុងងូតទឹកក្នុងបន្ទប់ តាមប្រឡោះឥដ្ឋ ចំណុចបន្ទប់ទឹកជនរងគ្រោះក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់
ទី១-ឈ្មោះ អ រ ន អាយុ៣៨ឆ្នាំ
ទី២-ឈ្មោះ គ ព ស ក អាយុ២១ឆ្នាំនិង
ទី៣-ឈ្មោះ ម ជ អាយុ២០ឆ្នាំ។
ប្រភពបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងងូតទឹកនៅក្នុងបន្ទប់ទឹករបស់ខ្លួន ស្រាប់តែជនសង្ស័យ ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា យកទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ ពេលនោះ ត្រូវបានជនរងគ្រោះឃើញ ក៏ស្រែកឆោឡោទើបជនសង្ស័យរត់ចូលក្នុងបន្ទប់ជួលរបស់ខ្លួន។
ក្រោយមកជនរងគ្រោះបានប្រាប់ម្តាយ និងបានហៅជនសង្ស័យ ឲ្យចេញពីក្នុងបន្ទប់ ហើយយកទូរស័ព្ទមកឆែកក៏ឃើញរូបភាពវីដេអូអាក្រាតកាយ ភ្លាមនោះម្តាយជនរងគ្រោះ ក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ភ្លាមនោះសមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនិតិវិធី៕