អភិបាលរងក្រុងស្វាយរៀង ដឹកនាំមន្ត្រីសាលាក្រុង យុវជន សសយកក្រុង ក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារភូមិ ចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ខេត្ត កាលពីរសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោក ជួន ចាន់ឫទ្ធី អភិបាលរងក្រុងស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ក្រុង តំណាងលោកអភិបាលក្រុង បានដឹកនាំមន្ត្រីសាលាក្រុង យុវជន សសយក ក្រុង ក្រុមប្រឹក្សាសង្កាត់ និងក្រុមប្រជាការពារភូមិ ចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើអនាម័យសម្អាតខ្លួនប្រាណ ការលាងសម្អាតដៃនឹងសាប៊ូ ការប្រើប្រាស់អាកុល ឬជឹលតាមខ្លួនទុកសម្អាតដៃ ការពាក់ម៉ាស់ និងមិនអោយប្រមូលផ្តុំពិសារគ្រឿងស្រវឹងជាដើម ដល់អ្នកលក់ដូរ និងប្រជាពលរដ្ឋមកលេងឆ្នេរទន្លេវ៉ៃគោ ស្ថិតនៅភូមិធ្លក និងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ បានចាក់មីក្រូផ្សព្វផ្សាយអំពីវិធានការណ៍ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា របស់ក្រសួងសុខាភិបាល ដល់អ្នកលក់ដូរ និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅទីនេះបានយល់ដឹងបន្ថែមទៀត។
លើសពីនេះ លោកអភិបាលរងក្រុង បានបញ្ជាក់ថា ករណីជម្ងឺឆ្លងកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ននេះ មានការកើតឡើងដោយសារករណីនាំចូលពីខាងក្រៅប្រទេស មិនមែនផ្ទុះឡើងនៅក្នុងស្រុកទេ ហើយសព្វថ្ងៃនេះជំងឺកូវីដ១៩ បានជាសះស្បើយចំនួន១២០នាក់ នៅសល់តែចំនួន០២នាក់ក្តី ក៏យើងនៅតែបន្តការការពារ ប្រយុទ្ធប្រឆាំងបន្ថែមទៀត ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលទេ ព្រមទាំងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ជាពិសេសក្រោយពីបរិភោគហើយសូមថែរក្សាអនាម័យវេចខ្ចប់យកទៅចោលនៅកន្លែងចោលសំរាមអោយបានត្រឹមត្រូវ អ្នកអាចភ្លេចជំងឺកូវីដ១៩ តែជំងឺកូវីដ១៩មិនដែលភ្លេចអ្នកនោះឡើយ សូមចូលរួមការពារទាំងអស់គ្នា៕