លោក អោមចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ ដើម្បីកំណត់ព្រំប្រទល់ រវាងឃុំបត់ត្រង់ និងសង្កាត់អូអំបិល
ខេត្តបន្ទាយមានជ័យ៖ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណមានព្រំប្រទល់ជាប់ក្នុងនោះក៏មាន ឃុំ និងសង្កាត់ជាប់គឺឃុំបត់ត្រង់ និងសង្កាត់អូរអំបិល ទាំងពីរឃុំ សង្កាត់នេះពុំមានព្រំខណ្ឌឲ្យបានជាក់លាក់នោះទេ ទើបធ្វើឲ្យមានមន្ទិលការសង្ស័យរវាងប្រជាពលរដ្ឋទាំង២ ឃុំ សង្កាត់នេះ ជាយូរអង្វែងណាស់មកហើយដូច្នេះ ប្រធានឃុំ និងចៅសង្កាត់សំណើរចាត់ឲ្យមន្ត្រីបច្ចេកទេស សុរិយោដីចុះជួយវាសវែងកំណត់ព្រំប្រទល់រវាង ឃុំបត់ត្រង់ និងសង្កាត់អូរអំបិល ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសិភ័ណ ឲ្យបានជាក់លាក់ផង។
លុះនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយបញ្ចប់ការកំណត់ព្រំប្រទល់រវាងឃុំ សង្កាត់ទាំង២នេះ ដោយមានការចូលរួមពីលោកណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត លោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល លោកសៃឡៅ មេឃុំបត់ត្រង់ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ នៅសាលាឃុំបត់ត្រង់ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងកិច្ចជុំនោះយោងតាមសំណូមពរ របស់ប្រជាពលរដ្ឋដែលមានដីស្រែ ស្ថិតនៅតំបន់ជាប់ព្រំប្រទល់រវាង ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានសំណូមពរឲ្យ មានការវាស់វែងកំណត់ព្រំប្រទល់ឲ្យបានជាក់លាក់ ដើម្បីឲ្យពួកគាត់បានជីកប្រឡាយយកទឹកស្រោចស្រពដំណាំស្រូវ និងកាយអាចម៍ដីចាក់ពង្រាបធ្វើជាផ្លូវធ្វើរដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគាត់ឲ្យបាន ស្រួលទៀតផង។
ក្នុងនោះលោកអោន ចន្ថា បានមានប្រសាសន៍ក្នុងអង្គប្រជុំថា យោងតាមសំណើរលេខ០៥៩ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានចាត់តាំងឲ្យក្រុមការងារ ចំរុះថ្នាក់ខេត្ត ដើម្បីសម្រួលត្រួតពិនិត្យលើភាពមិន ច្បាស់លាស់នៃព្រំប្រទល់ ឃុំបត់ត្រង់ និង សង្កាត់អូរអំបិល។
លោកបានបន្តទៀតថា ក្នុងការចុះវាស់វែងដីព្រំប្រទល់ឲ្យបានជាក់លាក់នោះ ប្រជាពលរដ្ឋទាំង២ ឃុំ និងសង្កាត់ ត្រូវចេះសាមគ្គីសម្រប សម្រួលគ្នានៅតាមព្រំដីរៀងៗខ្លួនចៀសវាងកើតរឿងទំនាស់ ហើយនៅពេលដែលមន្ត្រីជំនាញចុះវាស់ឲ្យត្រូវចេះរក្សាព្រំដី ឲ្យបានគង់វង្សព្រោះមន្ត្រីជំនាញមិនអាចចុះវាស ជាលើកទី២ឲ្យបានទៀតឡើយ។
លោកបានបញ្ជាក់ទៀតថា យោងតាមប្រសាសន៍លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងៗរៀបចំដែនដីនគរូបនីយកម្មនិង សំណង់បានបង្ហាញទិដ្ឋភាពបញ្ហាលើព្រំប្រទល់ដីព្រោះវា មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ត្រូវចេះ សាមគ្គី គ្នាចៀសវាង កុំឲ្យកើតមានទំនាស់បញ្ហាព្រំដី ព្រំទល់ជាប់គ្នា ត្រូវពិនិត្យឲ្យបានច្បាស់។
ក្នុងនោះលោកអោម ចន្ថា បានថ្លែងអំណគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួម ស្វែងយល់អំពីព្រំប្រទល់ដីរវាង ឃុំ និងសង្កាត់ជាប់ គ្នាដើម្បីរួមចំណែក នូវសុវត្តិភាព កាត់បន្ថយទំនាស់ និងស្ថេភាពសង្គម និង ការអភិឌ្ឍន៍សេដ្ឋកិច្ចឲ្យ កាន់តែប្រសើឡើង ស្របតាមគោលនយោបាយរបស់ រាជរដ្ឋភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦នេះផងដែរ៕