ក្មេងប្រុសស្រី៣នាក់ ទៅលេងក្នុងរណ្ដៅបូមខ្សាច់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្ដាយមានការធ្វេសប្រហែស
រាជធានីភ្នំពេញ៖ដោយសារតែឪពុកម្ដាយមានការធ្វេសប្រហែស បណ្តោយឱ្យកូនដែលមានអាយុចាប់ពី៥ឆ្នាំចុះក្រោម ទៅលេងទឹកក្នុងរណ្ដៅបូមខ្សាច់ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចទីតាំងបូមខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមលោក គិត ផល្លា អាយុ៣៣ឆ្នាំ ត្រូវជាឪពុករបស់ក្មេងរងគ្រោះបានបញ្ជាក់ថា ក្មេងរងគ្រោះទាំង៣នាក់មានឈ្មោះគិត រូហ្សា អាយុ៥ឆ្នាំ ភេទស្រី,ឈ្មោះ គិត ដារ៉ា អាយុ៣ឆ្នាំ ភេទប្រុស និងឈ្មោះ លី បុប្ផា អាយុ៤ឆ្នាំ ភេទស្រី ត្រូវជាក្មួយ។
ក្រោយពីមានការភ្ញាក់ផ្ញើលសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅធ្វើកោសល្យវិច័យ បានបញ្ជាក់ថា ក្មេងទាំង៣នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕