ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
សមាសភាពដែលអញ្ជើញចូលរួមមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, នាយករដ្ឋបាល, នាយកទីចាត់ការ, ប្រធានអង្គភាពចំណុះសាលាខេត្ត, ការិយាល័យប្រជាពលរដ្ឋ និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី៣
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីការអនុវត្តន៍ការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១របស់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តកំពង់ចាម
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២០របស់រដ្ឋបាលខេត្តកំពង់ចាម
៥-បញ្ហាផ្សេងៗ៕