សម្តេចតេជោ ហ៊ុន សែន ដាស់តឿននិងក្រើនរំឮកដល់ពលរដ្ឋ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩
រាជធានីភ្នំពេញ៖ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះ បានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេ នៅក្នុងប្រទេសកម្ពុជាឬគិតថា កម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។នេះបើយោងតាមផេកFacebookសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សម្តេចបញ្ជាក់ថា «មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។សូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ ក្នុងករណីមានការសង្ស័យណាមួយតាមរយៈលេខ ១១៥»៕