កម្លាំងគរបាល ខេត្តបាត់ដំបង បានចុះប្រតិបត្តិការណ៍បង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបនិងឃាត់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។
លោកបន្តថា ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ ហម ចិត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង
២-ឈ្មោះ គុជ មាលា ហៅ ធំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានធ្វើការដកហូតវត្ថុតាងរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៥ថង់ ទម្ងន់១២២,៧៨ក្រាម
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង
-កាបូបដាក់លុយចំនួន០១ រួមជាមួយសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀតផងដែរ ។
ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕