កម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង០០ និង០៥នាទីរំលងអាធ្រាត ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ រហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ២+១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញបុរសម្នាក់ឈរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំ ហើយបុរសឈ្មោះ ចក់ លីន ឆ្លើយថា ខ្លួនគេឈរមើលផ្លូវឱ្យមិត្តភ័ក្រគេប្រើប្រាស់គ្រឿងញៀន។
ឮដូច្នេះកម្លាំងបានធ្វើប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ ង៉ែត ជឺយ ហៅ អាកណ្ដុរ និងបានដកហូតវត្ថុតាង កាំបិតចំនួន០៧ដើម ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ឆ្លើយសារភាពថា ពួកគេកន្លងមកធ្លាប់ប្រើប្រាស់គ្រឿងពិតប្រាកដមែន ហើយកាំបិតទាំងអស់នេះពួកគេដាក់តាមខ្លួន ដើម្បីការពារក្រែងមានក្រុមផ្សេងទៀតមករករឿងពួកគេ។
ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងហើយនោះកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ អ.ហខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ៕