សាខាកាកបាទក្រហមខេត្តកំពត នាំអំណោយផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាពក្នុងក្រុងកំពត និងស្រុកទឹកឈូ
ខេត្តកំពត៖នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត នឹងសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន នាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត មានដូចជា គ្រឿងឧបភោគ បរិភោគ និងថវិការ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះខ្វះខាតជីវភាព ចំនួន១០០គ្រួសារ មកពីស្រុកចំនួន២ គឺក្រុងកំពត ចំនួន៥០គ្រួសារ និងស្រុកទឹកឈូចំនួន៥០គ្រួសារ ដែលពិធីនេះបានធ្វើឡើងនៅសាលាស្រុកទឹកឈូ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខនិងបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយមិនត្រូវទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារនិងគ្មានការដោះស្រាយឡើយ។
ពាក់ព័ន្ធនឹងការ បង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីឲ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា ពិសេស រស់នៅអោយមាន អនាម័យល្អ ហូបស្អាតផឹកស្អាត ដេកក្នុងមុងជានិច្ច។
ជាមួយឱកាសនោះឯកឧត្តមជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវបង្កើនការ យកចិត្តទុកដាក់ជំរុញ ការងារបង្កបង្កើនផល ដាំដុះឲ្យបានទាន់រដូវកាល រួមនឹងការចិញ្ចឹមសត្វ ដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារនិងសហគមន៍ផងដែរ។
អំណោយដែលបានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋទាំង១០០គ្រួសារនាឱកាសនោះក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ អំបិល២គីឡូក្រាម ទឹកសុទ្ធ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ។ជាមួយនោះដែរ ឯកឧត្តមជាវ តាយ ក៏បានជូនថវិកាសរុប៥០ម៉ឺនរៀល ដល់យុវជនកាកបាទ អ្នកស្ម័គ្រចិត្តកាកបាទ ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធ៥០នាក់ ដោយម្នាក់ៗទទួលបានថវិកា មួយម៉ឺនរៀលផងដែរ៕