ផ្ទុះកាំភ្លើងកែច្នៃ នៅក្នុងផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង
ខេត្តក្រចេះ៖ដេកកាន់កាំភ្លើងកែច្នៃនៅក្នុងផ្ទះរបស់ខ្លួន បណ្តាលឱ្យផ្ទុះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកោះច្បារ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។
ជនរងគ្រោះមានឈ្មោះ តេង សុគុណ (ហៅជ្រឹម)ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុគឺជនរងគ្រោះបានមកពីព្រៃ រួចឡើងដេកលើផ្ទះ ខណៈដែលកំពុងដេកកាន់កាំភ្លើងកែច្នៃ(ឈ្នុកដូង) ហើយនៅលើផ្ទះមានម្ដាយ និងប្អូនប្រុសជនរងគ្រោះអាយុ៤ឆ្នាំនៅចង្ក្រានបាយទៀតផង មួយសន្ទុះក្រោយមកម្តាយក៏ឮសំឡេងផ្ទុះកាំភ្លើងភ្លាមនោះម្ដាយរបស់ជនរងគ្រោះបានរត់ចេញពីចង្ក្រានបាយទៅមើល ក៏ឃើញជនរងគ្រោះដេកស្លាប់ដោយមានស្នាមគ្រាប់កាំភ្លើងត្រូវចំដើមទ្រូងខាងឆ្វេងតែម្តង។
ក្រោយពីកើតហេតុកម្លាំងនគរបាលស្រុកសំបូរ និងកម្លាំងប៉ុស្ដិ៍នគរបាលកោះខ្ញែ បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ ក្រោយពីពិនិត្យសាកសពនគរបាលសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារអាវុធកែច្នៃផ្ទុះត្រូវចំដើមទ្រូងខាងឆ្វេងមែន។
ក្រោយពីពិនិត្យឃើញលទ្ធផលនៃការស្លាប់របស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕