ឯកឧត្តម ម៉ុម សារឿន ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៥៤ គ្រួសារ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អមដំណើរដោយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៥៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៣០គីឡូក្រាម ត្រីខ១យួរ មី១កេះ និងឃិតមួយ(មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១) ទៅជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងឃុំចំនួន២ គឺឃុំអូរស្វាយ និងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ក្នុងពិភពលោកយើងនេះ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នៅរដូវវស្សានេះឲ្យបានទាន់ពេលវេលា៕