រន្ទះបាញ់ ប្រហារកសិករម្នាក់ កំពុងព្រោះស្រូវ ខណៈមេឃកំពុងរកកលភ្លៀង នៅស្រុកក្រគរ
ខេត្តពោធិ៍សាត់៖ពិតជាអាណោចអាធ័មខ្លាំងណាស់ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ក្នុងបន្ទុកគ្រួសារ ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់ គ្រាដែលជនរងគ្រោះកំពុងបាចព្រោះស្រូវក្នុងស្រែ ខណៈមេឃកំពុងរកកលភ្លៀង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបឹងខ្នាយមាន់ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាំង ឆៃលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះ កំពុងព្រោះស្រូវនៅក្នុងស្រែរបស់គាត់ ខណៈនោះផ្ទៃមេឃប្រែជាពណ៌ខ្មៅរកកលចង់ភ្លៀង(រលឹម) លាយឡំទៅដោយខ្យល់ផ្គរ ផ្លេកបន្ទោរ ហើយរំពេចនោះក៏ស្រាប់តែមានរន្ទះបាញ់បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្តង។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាល បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីធ្វើកំណត់ហេតុរាយការណ៍អំពីករណីគ្រោះធម្មជាតិនេះ ជូនទៅថ្នាក់លើបានជ្រាបផងដែរ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕