ពលរដ្ឋចំនួន៣៥នាក់ស្រី១១នាក់ បម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកណែនាំ
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិណែនាំរបស់លោក ឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងផែនការងារព្រំដែន លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ លោកមេបញ្ជាការរង បានដឹក នាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន ស្វាយចេក ចេញល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះបានពិនិត្យឃើញប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញដោយខុសច្បាប់ចំនួន៣៥នាក់ស្រី១១នាក់ កាលពីថ្ងៃពុធ ៧កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
ក្រោយពីឃាត់ខ្លួន កម្លាំងនគរបាលបាននាំពួកគាត់មកធ្វើការសាកសួរ ហើយក្រោយពេលសាកសួរពីគោលបំណងរួចហើយបានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យារួចបញ្ជូនពួកគាត់ទៅគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំរៀង ដើម្បីចាត់ការបន្ត៕