ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្ត សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋងាយរង
ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ដើម្បីសាខាមានលទ្ធភាពក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយមានកូនច្រើន និងក្មេងកំព្រា ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បូរ ជាតិសាសន៍ ឬនិន្នាកានយោបាយឡើយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមឱ្យសាខា និងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុ សូមថ្លែងអគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនសប្បុរសជន មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី អាជីវករ និងពាណិជ្ជករ ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគជាសម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមខេត្តខេត្ត។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា មូលនិធិ និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន បងប្អូនពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ធ្វើឱ្យសាខាមានធនធានសម្រាប់ធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយសង្គ្រោះអាយុជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក ការលើកកម្ពស់គោលការណ៍គ្រឹ: នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងគ្រោះធម្មជាតិនានាមានដូចជា ខ្យល់ព្យុះ ទឹកជំនន់ ជាដើម។
សូមបញ្ជាក់ដែរថា ណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជន និងមន្ត្រីរាជការរួមមាន:អង្ករចំនួន១០តោន មី ១០០កេសធំ ទឹកអាល់កុលចំនួន៣០០លីត្រ និងថវិកាមួយចំនួនទៀត ៕