ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ៥ ដែលមានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ
ខេត្តកំពង់ឆ្នាំង៖ផ្លូវជាតិលេខ៥ ដែលមានប្រវែងសរុប៣៦៦គីឡូម៉ែត្រ លើផ្លូវចាស់ពីព្រែកក្តាមទៅប៉ោយប៉ែតមានប្រវែង៣០៤គីឡូម៉ែត្រនេះ នឹងសាងសង់ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២២។
គម្រោងផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូAC ដោយការសាងសង់ចែកចេញជា៣ផ្នែក ក្នុងនោះផ្នែកខាងជើងចាប់ពីបាត់ដំបង ដល់ប៉ោយប៉ែតមានប្រវែង៨៤,៧២គីឡូម៉ែត្រ ផ្នែកកណ្តាលចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ អភិវឌ្ឍន៍ដោយមានពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ និងផ្នែកផ្លូវភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល)ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់)មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ត្រូវក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក។នេះបើយោងតាមផេករបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបញ្ជាក់តាមប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានមានមានប្រសាសន៍ក្នុងឱកាសឯកឧត្តមអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ អមដំណើរដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
នាឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត ហើយជាគម្រោងជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA)៕