កិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ
ខេត្តកណ្តាល៖កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកោះធំ។
កិច្ចប្រជុំនេះគឺ ក្នុងគោលបំណងដើម្បីធ្វើការបូកសរុបលទ្ធផលការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ ផ្អែកតាមរបាយការណ៍លទ្ធផលការអនុវត្តការងារ របស់រដ្ឋបាលឯកភាពស្រុក។
ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តន៍នូវតួនាទី ភារកិច្ច ខិតខំបំពេញការងារកន្លងមក រហូតសម្រេចបានសមិទ្ធផលធំៗ ជាច្រើននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងស្នើបន្តការខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង លើគ្រប់វិស័យ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតយន្តការច្រកចេញ ចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឲ្យស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងអភិបាលកិច្ចល្អ ជាពិសេសការបង្កើតឡើងនូវអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានី ខេត្តទូទាំង ប្រទេស និងការិយាល័យច្រកចេញ ចូលតែមួយតាមបណ្តាក្រុង ស្រុក នៅទូទាំងប្រទេស ដែលបានកំពុងនឹងអនុវត្តការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្ដទៀតថា ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក មានតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យរួមមានសេវារដ្ឋបាល ដែលកំពុងផ្តល់ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា “នៅកន្លែងតែមួយ”៕