ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាលឲ្យតៃកុងរងរបួសធ្ងន់
ខេត្តកំពង់ស្ពឺ៖តៃកុងរថយន្តម្នាក់បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត កាលពីវេលាម៉ោង១០និង១០ នាទីព្រឹក ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំលេខ៤៤ ស្ថិតនៅក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក់ CHARALET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3510 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះ ពិន សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានផ្ទុះកង់រួចក៏រេចង្កូតមកខាងឆ្វេងបណ្ដាលឲ្យបុក រថយន្តម៉ាក HYUNDAI PORTER ពណ៌ស សេរីឆ្នាំ ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AT-4872 ខណ:ពេលដែលកំពុងតែចតនៅខាងស្ដាំលើចិញ្ចើមផ្លូវ អ្នកបើកបររថយន្តឈ្មោះ ប៉ោ មិនា ភេទប្រុស អាយុ២៥ឆ្នាំ(រងរបួសជើងនៅលើរថយន្តចត) រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ចំណែករថយន្ត (ខូចខ្ទេចផ្នែកខាងមុខខ្លាំងទាំងពីរគ្រឿង)។
ក្រោយកើតហេតុអ្នកបើកបររថយន្តម៉ាក HYUNDAI PORTER (ជនរងគ្រោះ)បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ចំណែកវត្ថុតាង (រថយន្តទាំងពីរ) កំពុងស្ថិតនៅកន្លែងកើតហេតុរង់ចាំការសម្របសម្រួលទាំងពីរភាគី និងរងចាំរថយន្តស្ទួចយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់ដើម្បីរងចាំការដោះស្រាយនិងអនុវត្តន៍និតិវិធី៕