ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប
ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើការណែនាំ និងទប់ស្កាត់ឱ្យខានតែបានចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែកាប់ទន្ទ្រានព្រៃលិចទឹកជាជំរកត្រីពង ដើម្បីវាទទីយកដីធ្វើកសិកម្មក្នុងតំបន់៣។ ម្យ៉ាងទៀតត្រូវណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការដុតគល់ស្រូវ ដែលធ្វើឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងព្រៃលិចទឹកជាដើម។
ឯកឧត្តមអភិបាលខេត្តណែនាំបែបនេះបានធ្វើឡើងខណ៖ដែលឯកឧត្តមអញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ស្ថានភាពផ្សេងៗ និងអាងទឹកក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិនិត្យលើការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្តោយទំនប់៧៨នេះ ប្រកបដោយចីរភាព។
ជាងនេះទៅទៀតឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យមើលស្ថានភាពទឹក និងគ្រប់គ្រងទឹកទុកក្នុងអាង ដើម្បីធ្វើការស្រោចស្រព ក្នុងការបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ និងគ្រប់គ្រងឱ្យបានល្អ៕