អភិបាលរងខេត្តកំពង់ឆ្នាំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ប្រចាំខែមេសា និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តច្បាប់ចរាចរណ៍
ខេត្តកំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំខែមេសា និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តច្បាប់ចរាចរណ៍។
កិច្ចប្រជុំនេះ គឺធ្វើឡើងនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ដូចខាងក្រោម៖
១-ដីកាកែសម្រួលសមាសភាពអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
២-លិខិតបង្គាប់ការ ស្តីពីចាត់តាំងក្រុមការងារត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តថ្នាក់ខេត្ត។
៣-សេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណ:កម្មការរៀបចំទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
៤-ផ្សព្វផ្សាយរបាយការណ៍ លទ្ធផលការងារប្រចាំខែមេសា របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
៥-ពិភាក្សារបំពេញទម្រង់តាមដាន និងវាយតម្លៃលើការបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១០-២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវកាកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកមានប្រសាសន៍បន្តទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍ឱ្យនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក៕