ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្ត
ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត និង អង្គភាពចំណុះសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកចំនួន៣មានការពាក់ព័ន្ធ សរុបចំនួន៣៨នាក់ ដោយផ្ដោតសំខាន់ គឺរួមគ្នាពិនិត្យនិងពិភាក្សា រកវិធានការ បង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសដែលជនល្មើសបានបង្កឡើងក្នុង សកម្មភាព រូបភាពទន្ទ្រានកាន់កាប់ដីតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ឲ្យទទួលបានលទ្ធផល និងមានប្រសិទ្ធភាព។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង៦៦,៥គីឡូម៉ែត្រ ហើយក្នុងនោះត្រូវបានរងការរំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើង ដោយមានការកាប់ព្រៃកោងកាងឬចាក់ដីលុប ជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ គ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលសកម្មភាពបែបនេះ ជាបញ្ហាមួយ បានធ្វើឱ្យរដ្ឋបាលខេត្ត ត្រូវតែមានការយកចិត្តទុកដាក់ ចាប់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲជាបន្ទាន់។
ជាពិសេសឯកឧត្តម បានស្នើ មន្ទីរ អង្គភាពជំនាញ នឹងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព៕