កូនអកត្តញ្ញូ ខឹងឪពុកមិនលើកទូរស័ព្ទ ពេលត្រឡប់មកផ្ទះវិញ មានទំនាស់ពាក្យសម្ដីនិងគ្នា រហូតឈានប្រើអំពើហឹង្សាយកអង្រែបុកអង្ករ វាយទៅលើឪពុកបង្កើត បណ្តាលឲ្យស្លាប់
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្ត និងមានការចូលរួមពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានចុះប្រតិបត្តិការណ៍ស្រាវជ្រាវរកឃាតករ ដែលសម្លាប់ឪពុកខ្លួនឯង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយសាខឹងឪពុកមិនលើកទូរស័ព្ទរបស់ខ្លួន។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកូនអកត្តញ្ញូសម្លាប់ឪពុករួចក៏បានព្យាយាមរត់គេចខ្លួន លុះមកដល់វេលាម៉ោងជាង១ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនបាននៅចំណុចភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រនេត្រព្រះ។
សមត្ថកិច្ចបន្តថា ជនដៃដល់មានឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ។ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ អ្នកទាំងពីរស់នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(ស្លាប់)។
តាមរបាយការណ៍ពីកម្លាំងនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ មូលហេតុដែលបណ្តាលឲ្យកើតមានរឿងនេះឡើង ដោយសាកូនអកត្តញ្ញូរូបនេះខឹងឪពុកមិនលើកទូរស័ព្ទរបស់ខ្លួន ពេលត្រឡប់មកផ្ទះវិញ ក៏មានទំនាស់ពាក្យសម្ដីនិងគ្នា រហូតឈានដល់មានអំពើហឹង្សាបែបនេះតែម្តង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេងនៅ ភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយធ្វើផ្ទះរួចពេលល្ងាចក៏បានផឹកស៊ី ហើយបានខលទូរស័ព្ទមកឪពុក នៅផ្ទះតែឪពុកមិនបានលើក ពេលកូនអកត្តញូនេះមកដល់ផ្ទះក៏រករឿងកើតជាជម្លោះ ឈ្លោះប្រកែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះកន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយបានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ពេលនោះដោយអំណាចទឹកប្ដូរនិស្ស័យ(ស្រា) ជនសង្ស័យទប់កំហឹងមិនបានក៏ទាញអង្រែបុកអង្ករប្រវែង១,៣០ម វាយទៅលើឪពុកខ្លួន ចំកញ្ចឹងក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ តែអកុសល្យដោយធ្ងន់ធ្ងរពេក ក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវតែម្តង។ជនដៃដល់ក្រោយពីវាយទៅលើឪពុករួចក៏បានរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់។ដោយឡែកសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕