សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រចំនួន៥០គ្រួសារ
ខេត្តត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរបស់សាខាកាកបាទក្រហមខេត្ត សរុប១៩៧កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រចំនួន៥០គ្រួសារ នៅបរិវេណវិទ្យាល័យក្រូចឆ្មារ។
ពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន២៧នាក់ នៅសាលាបឋមសិក្សាប៉ើស១ និង១២០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកក្រូចឆ្មារ ចែកជូនពលរដ្ឋជនងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំងអស់ក្នុងស្រុកក្រូចឆ្មារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឆ្វេងយល់និងដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវភ្លេចខ្លួននោះឡើយ។
ឯកឧត្តមបណ្ឌិត បន្ថែមថា ជាពិសេសអាជ្ញាធរស្រុក ឃុំ ភូមិ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺកូវីដ១៩ជាថ្មី ដែលជារលកទី២នោះ៕