សាខាកាកបាទក្រហម ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីយកទៅប្រតិបត្តិការការងារមនុស្សធម៌
ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានថវិកា និងសម្ភារ:មួយចំនួន ដូចជាៈខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុស ធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃវេជ្ជសាស្ត្រ និងម៉ាស់ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "នៅទីស្នាក់កាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ កាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹៈនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ និងគ្រោះធម្មជាតិនានា មានដូចជា ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀតបានទាន់ពេលវេលា។
ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន អាជីវករ ពាណិជ្ជករ ក្នុងខេត្ត និងក្រៅខេត្តបន្តចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយសាខានឹងរង់ចាំទទួលអំណោយមនុស្សធម៌គ្រប់ពេលវេលា៕