កិច្ចប្រជុំផ្សព្វផ្សាយ ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត និងការទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំសណ្តាប់ធ្នាប់សោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជនឱ្យល្អប្រសើរ ជាពិសេសក្នុងក្រុងស្ទឹងត្រែង កុំឱ្យមានលក់ទំនិញនានាលើផ្លូវសាធារណៈ។ដោយឡែកចំពោះភោជនីយដ្ឋាននានា មន្រ្តីពាក់ព័ន្ធ ត្រូវចុះពិនិត្យលើអនាម័យ និងធ្វើការណែនាំមួយលើក ជា២លើក ហើយនៅតែមិនស្តាប់ គឺត្រូវបិទភោជនីយដ្ឋាននោះតែម្តង ដើម្បីជៀសវាងកុំឱ្យមានបញ្ហាឆ្លងជំងឺនានា ដែលត្រូវគិតគូពីសុខភាពប្រជាពលរដ្ឋជាចម្បង។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបែងចែកតួនាទីថ្នាក់ដឹកនាំខេត្ត ដើម្បីបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តក្នុងការដឹកនាំគ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ក្នុងក្របខ័ណ្ឌនៃភូមិសាស្រ្តខេត្ត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ុម សារឿន បានធ្វើការផ្សព្វផ្សាយដល់សមត្ថកិច្ចជំនាញពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ខណៈពេលប្រទេសជិតខាងទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕