ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ករណីហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ
ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជានរងគ្រោះជាម្តាយ ថាជនសង្ស័យជាកូនបានប្រើហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងលួចលុយម្ដាយជាង៥ លានរៀល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៊ើ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅ ភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ។ចំណែកជនសង្ស័យឃាត់ខ្លួន ឈ្មោះ ហ៊ាង ឈាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះនិងជនសង្ស័យ គឺជាម្ដាយនិងកូនបង្កើតនឹងគ្នាហើយឈ្មោះ ហ៊ាង ឈាង កន្លងមកតែងតែសេពជក់គ្រឿងញៀន ស្ទើរតែរៀងរាល់ថ្ងៃ រាល់ពេលដែលជនសង្ស័យមកសុំលុយពីម្ដាយឪពុកមិនបាន វាតែងតែរករឿងឈ្លោះ ជេរប្រមាថ គំរាមសម្លាប់ និងបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះអស់ជាច្រើន។លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ ជនសង្ស័យ ក៏បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនធំ និងបានលួចយកលុយរបស់ម្ដាយដែលទុកក្នុងទូអស់ចំនួន៥,៣០០,០០០៛(ប្រាំលានបីសែនររៀល) រួចគេចខ្លួនបាត់។
ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ក្រោយពីឃាត់ខ្លួនមកសួរនាំឈ្មោះហ៊ាង ឈាង បានសារភាពថា ខ្លួនពិតជាបានសេពគ្រឿងញៀនខុសច្បាប់និងធ្លាប់បានវាយបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ និងបានលួចប្រាក់របស់ម្ដាយ ប្រាកដមែន។ក្រោយមកសមត្ថកិច្ចបានកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕