សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ស្នើឲ្យព្រះមេគណគ្រប់រាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការលើព្រះតេជគុណ ឡុង ចន្ថា តាមកិច្ចសន្យា
រាជធានីភ្នំពេញ៖ព្រះតេជគុណ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ចេញសង្ឃលិខិតមួយច្បាប់ផ្ញើប្រគេនដល់ព្រះមេគណទាំង២៥ រាជធានី-ខេត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ។ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និង ការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចឲ្យស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ។នេះបើយោងតាមសង្ឃលិខិតមួយច្បាប់របស់ សម្តេចព្រះសង្ឃនាយក។
សង្ឃលិខិតបញ្ចាក់ថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ ឲ្យស្នាក់បន្តក្នុងសាសនានេះតទៅទៀត ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឲ្យលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។
សូមបញ្ជាក់ថា ការចេញសង្ឃលិខិតរបស់សម្តេចព្រះសង្ឃនាយក បានធ្វើឡើងក្រោយពីមានសារបែកធ្លាយឃ្លីបសំឡេងចែចង់ស្រីជាមួយភិក្ខុ ឡុង ចន្ថា ហើយព្រះអង្គបានធ្វើកិច្ចសន្យាថា នឹងលាចាកផ្នួសនៅថ្ងៃទី១៤ ឧសភា លុះដល់ថ្ងៃកំណត់ពុំបានឃើញវត្តមានព្រះអង្គសឹកទេ តែបានឃើញសសេរលិខិតផ្ទាល់ដៃមួយទៀតរបស់ ព្រះអង្គថា ព្រះអង្គមិនសឹកព្រោះមិនទាន់អស់និស្ស័យពីព្រះធម៌៕