ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវឲ្យសមត្ថកិច្ចនិងពលរដ្ឋ បន្តការប្រុងប្រយ័ត្នចំពោះជំងឺCOVID-19 បើទោះបីជាស្ថានភាពនៅកម្ពុជា បានធូរស្បើយច្រើនហើយក្តី
ខេត្តបន្ទាយមានជ័យ៖បើទោះបីជាស្ថានភាពនៃជំងឺCOVID-19នៅកម្ពុជា បានធូរស្បើយច្រើន មិនមានអ្នកឆ្លងថ្មីក៏ពិតមែន ក៏មិនត្រូវភ្លេចខ្លួនឡើយ ដោយបន្តប្រយុទ្ធប្រឆាំងចំពោះជំងឺរាតត្បាតនេះបន្ថែមទៀត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរសមត្ថកិច្ច និងប្រជាពលរដ្ឋ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានដឹកនាំមន្ត្រីក្រោមឱវាទធ្វើការចែក អំណោយរបស់រដ្ឋបាលក្រុងសិរីសោភ័ណ បានមកពីសប្បុរសជនក្នុងក្រុង ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៥៧គ្រួសាររស់នៅសង្កាត់កំពង់ស្វាយ ក្នុង១គ្រួសារបានអង្ករចំនួម២៥គីឡូ ឃីត១បញ្ចប់ និងថវិកាចំនួន១០.០០០រៀល នៅក្នុងវត្តតាហី ក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍ក្នុងពិធីចែកអំណោយនោះឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា Covid-19ជាជម្ងឺ មួយដ៏កាចសាហាវ ឆ្លងក្នុងល្បឿនលឿន នៅក្នុងពិភពលោក អ្នកកើតជម្ងឺនេះវាងាយនិងស្លាប់ណាស់ពិសេសអ្នកមានជម្ងឺ ជនចាស់ជរា ប្រជាពលរដ្ឋផ្តុំក្បាលគ្នាជាក្រុម រហូតមកដល់ថ្ងៃនេះនៅមិនទាន់មានក្រុមគ្រូពេទ្យជំនាញណាអាចរកឃើញថ្នាំសម្លាប់មេរោគនេះបាននៅឡើយ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពគោលការណ៍របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលដូចជា ការធ្វើដំណើរក្នុង ប្រទេសត្រូវពាក់ម៉ាស ខ្ទប់ក្រមា អាល់កុល និងជែលលាង ដៃកំចាត់មេរោគបាក់តេរី និងធ្វើការវាស់កំដៅ ក្នុងខ្លួនដោយអ្នកជំនាញ ពិសេសប្រជាពលរដ្ឋណា ដែលបានត្រឡប់មកពីប្រទេសថៃកាលពីពេលថ្មី ត្រូវនៅដោយឡែកពីគ្នា១៤ ថ្ងៃសិន។
ជាងនេះទៅទៀតឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន១២២នាក់ បានជាសះស្បើយហើយ និងពុំមានអ្នកស្លាប់នោះទេ។ឯកឧត្តមជំរុញប្រជាពលរដ្ឋ បន្តខិតខំការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុកនូវ ស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ-១៩នេះ នៅតែអូសបន្លាយ និងត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតផងដែរ៕