ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ លើបណ្តឹងរបស់ប្រជាពលរដ្ឋនៅតំបន់មេទឹក កណ្តៀង ស្រុកបាធាយ
ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យ លើបណ្តឹងរបស់ប្រជាពលរដ្ឋនៅតំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ ស្ថាប័នជំនាញ និងអាជ្ញាធរស្រុកបាធាយ ជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមបានដាក់ចេញនូវគោលការចំនួន៤ ចំណុចសំខាន់ៗ រួមមាន៖
១-យកតំបន់នេះធ្វើរបាយការណ៍ដាក់ជូនសម្តេចតេជោនាយក រដ្ឋមន្ត្រី និងបញ្ជាក់ពីគោលជំហររបស់ខេត្ត។
២-រក្សាដីតំបន់មេទឹក កណ្តៀង ជាសម្បត្តិរួម។
៣-មិនអនុញ្ញាតឲ្យមានការទិញលក់ជាដាច់ខាត ហើយប្រជាពលរដ្ឋអាចធ្វើការអាស្រ័យផលជាធម្មតា។
៤-ចូលរួមគាំទ្រការអនុវត្តរបស់តុលាការ។
បើតាមផេកFacebookរបស់ឯកឧត្តមបញ្ចាក់ថា មូលហេតុមានប្រជាពលរដ្ឋដែលអាស្រ័យផលមួយចំនួនតូច និងឈ្មួញ បានធ្វើការលក់ដូរ និងបានបោះបង្គោលធំៗទន្ទ្រានចូលដល់បាតមេទឹក ហើយប្រជាពលរដ្ឋមួយចំនួនធំក្នុងភូមិ ដែលបាននឹងកំពុងអាស្រ័យផលពីមេទឹកសម្រាប់ជាប្រយោជន៍សាធារណៈ លើការងារស្រោចស្រពដំណាំកសិកម្ម ដាំឈូក នេសាទ និងយកទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ មិនបានឯកភាព និងយល់ព្រមនឹងការការលក់ដូរដីនៅក្នុងសហគមន៍មេទឹកដែលជាសម្បតិ្តសាធារណៈដោយសេរី និងអនាធិបតេយ្យ មិនត្រឹមត្រូវស្របច្បាប់នេះ និងបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយមានស្នាមមេដៃប្រជាពលរដ្ឋចំនួន៣៥០នាក់៕