សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ធ្វើពិធីប្រគល់ និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២០
ខេត្តស្វាយរៀង៖សាខាកាកបាទក្រហមខេត្តស្វាយរៀង នៅតែបន្តការកៀគរមូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទាន ថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជនក្នុងនោះ នៅរាជធានីភ្នំពេញ តាមរយៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនៅថ្នាក់ខេត្តតាមរយះឯកឧត្តម ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀង។
មូលនិធិដែល សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ទទួលបានជាបន្តបន្ទាប់ ចាប់ពីការអំពាវនាវនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ និងបានធ្វើពិធីប្រគល់-ទទួល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០នេះ ក្រោមវត្តមានប្រគល់ ដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងទទួលដោយ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងបានការចូលរួមប្រគល់ពី លោក លោកស្រី ប្រធាន ស្ថាប័ន មន្ទីរ អង្គភាព នានាជុំវិញខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។
លោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា បានរៀបរាប់ជូន សមាជិក សមាជិកាចូលរួម ដោយសម្តែងចេញអំពីការខិតខំប្រឹងប្រែងចលនាកៀរគរមូលនិធិដោយមានការជឿជាក់ ពីសប្បុរសជន នៃការចូលរួមចំណែកយ៉ាងធំធេងក្នុងការឆ្លើយតបរបស់សាខាទៅដល់ជនងាយគ្រោះ និងរងគ្រោះមហន្តរាយកន្លងមក បានល្អប្រសើរ។
នៅក្នុងពិធីប្រគល់ថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជននានៅថ្ងៃនេះ តាមរយៈលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ថវិកាសរុបចំនួន ១០៩,៥៩០.០០០ រៀល និង ៥៦,១៥០ដុល្លារ និងតាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងសហការី ថវិកាសរុបចំនួន ១២៩,៦៥០,០០០រៀល និង១២៦,០៧២ដុល្លារ សរុបរួមៈ២៣៩,២៤០,០០០ រៀល និង១៨២,២២២ ដុល្លារ។
នៅក្នុងពិធីប្រគល់ និងទទួលថវិកា ឯកឧត្តម ម៉ែន វិបុល ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងដំណើរការ នៃការឆ្លើយតបចំពោះសេចក្តីអំពាវនាវក្នុងឱកាស អបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ ថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតប សេចក្តីត្រូវការចំពោះ ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយ នៅក្នុងខេត្តបានទាន់ពេលវេលា៕