អាជ្ញាធរក្រុងប៉ោយប៉ែត និងសប្បុរសជន បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ក្នុងវត្តពោធិវ័ន្ត (ថ្មសិន) ក្នុងសង្កាត់និមិត្ត កំឡុងពេលទីវត្តអារាមត្រូវបានផ្អាកប្រារព្វពិធីសាសនា ដោយសារជំងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ក្នុងកំឡុងពេលដែលទីវត្តអារាម ត្រូវបានផ្អាកប្រារព្វពិធីសាសនា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជន បាននាំយកទេយ្យទាន និងបច្ច័យប្រគេន និងទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ក្នុងវត្តពោធិវ័ន្ត (ថ្មសិន)។
គ្រឿងឧបភោគនិងបរិភោគ រួមនិងថវិការ ដែលរដ្ឋបាលក្រុង និងសប្បុរសជន នាំយកមកប្រគេនព្រះសង្ឃនាឱកាសនេះ រួមមាន៖
១-លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកស្រី វី សាវឿន ឧបត្ថម្ភអង្ករ ចំនួន៥០០គីឡូក្រាម រួមនឹងថវិកាចំនួន២០០,០០០ (ពីរសែន)រៀល។
២-លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោកស្រី យូ គីមហ៊ាង ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ឧបត្ថម្ភអង្ករចំនួន៥០០គីឡូក្រាម រួមនឹងថវិកាចំនួន ៣០០,០០០ (បីសែន)រៀល។
៣-លោក ង៉ូវ អេងថុង និងលោកស្រី ជៀវ ងួនហ៊ួយ ហៅ (មនោរម្យ) អាជីវករ ព្រមទាំងក្រុមគ្រួសារ ថវិកាចំនួន២០០,០០០ (ពីរសែន)រៀល។
៤-លោកស្រី ម៉េង ចាន់ថុល និងស្វាមី ថវិកាចំនួន១៥០,០០០ (មួយសែនប្រាំម៉ឺន) រៀល។
៥-លោកស្រី បាក់ ថេងនាង និងស្វាមី ថវិកាចំនួន១០០,០០០ (មួយសែន) រៀល។
៦-លោកស្រី ម៉ា ស្រីពៅ ថវិកាចំនួន ៥០,០០០ (ប្រាំម៉ឺន) រៀល។
សូមជម្រាបថា ទេយ្យទាន និងបច្ច័យ ដែលត្រូវប្រគេនព្រះសង្ឃនាថ្ងៃនេះរួមមាន៖
១-អង្ករចំនួន១,០០០គីឡូក្រាម (មួយតោន)
២-ទឹកស៊ីអ៊ីវ ចំនួន១០យួរ
៣-ទឹកត្រី ចំនួន១០យួរ
៤-ទឹកពិសាដប ចំនួន០៥យួរ
៥-ភេសជ្ជៈ ចំនួន០២កេស
៦-សាប៊ូសម្លាប់មេរោគមួយធុងចំណុះ ៣០លីត្រ (មួយកាន)
៧-ថវិកាសរុបចំនួន ១,០០០,០០០ (មួយលាន) រៀល។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះពិនិត្យសមិទ្ធផលនានា ដែលកំពុងកសាង ក្នុងទីធ្លាអារាមវត្តពោធិវ័ន្ត (ថ្មសិន) ស្ថិតក្នុងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕