អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋទីទាល់ក្រ៥០គ្រួសារ ក្នុងស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយក្រុមការងារ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ អញ្ជើញចុះសំណេះសំណាល នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ ទីទាល់ក្រ ស្ត្រីមេម៉ាយ និងជនពិការ ចំនួន៥០គ្រួសារ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុតដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល ក៏ដូចជាផ្តល់ជូននូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខាកាកបាទក្រហមស្រុកអូររាំងឪ សម្រាប់បន្តចែកជូនពលរដ្ឋជនងាយរងគ្រោះផងដែរ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន២២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកអូររាំងឱ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះនោះទេ។
ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា ចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឲ្យយើងស្លាប់បាន បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺនេះនៅកម្ពុជាយើង ត្រូវបានក្រសួងសុខាភិបាល ប្រកាសជាសះស្បើយអស់ហើយក៍ដោយក្តី៕