បុរសម្នាក់រំលោភបានសម្រេច គេចខ្លួន៧ឆ្នាំ វិលចូលស្រុកវិញ ត្រូវបាននគរបាលចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ជនជាប់ចោទមានឈ្មោះកោយ គង់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈលើស្រ្តីរងគ្រោះម្នាក់កាលពី៧ឆ្នាំមុន។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទរូបនេះបានចាប់រំលោភសេពសន្ថវៈនារីម្នាក់ បានសម្រេចរួចរត់គេចខ្លួនចំនួន០៧ឆ្នាំ ទៅនៅប្រទេសថៃ ហើយពេលវិលត្រឡប់មកស្រុក ត្រូវកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោកឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ។
ជនជាប់ចោទ ត្រូវកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕