សាខាកាកបាទក្រហមកម្ពុជាស្វាយរៀង នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយមានកូនច្រើន និងគ្រួសារមានជីវភាពខ្វះខាតសរុប៦៩ ក្នុងស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខាជាច្រើនរូប បានអញ្ជើញចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរាចំនួន២៧គ្រួសារ ជនពិការ២នាក់ ស្ត្រីមេម៉ាយមានកូនច្រើន៧គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍២នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣១គ្រួសារ សរុប៦៩គ្រួសារ មកពី៤ឃុំក្នុងស្រុកស្វាយជ្រំ គឺឃុំតាសួស ក្រោលគោ ស្វាយជ្រំ និងឃុំគោកព្រីង។
ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយការចែកអំណោយមនុស្សធម៌នាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកជំទាវបានបន្តទៀតថា ចំពោះប្រទេសយើងទោះបីចំនួនអ្នកដែលបានព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយមួយរយភាគរយហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។ ត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។ល។ប្រសិនបើជំងឺកូវីដ ១៩ នេះនៅតែអូសបន្លាយ។ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៦៩គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥ គ.ក្រ មី ១កេស ត្រីខ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ ថវិកាចំនួន៤០,០០០រៀល៕