រដ្ឋបាលខេត្តស្វាយរៀង ទទួលសម្ភារៈឧបត្ថម្ភពីអង្គការការីតាសកម្ពុជា សម្រាប់ចាត់ចែងក្នុងកំឡុង ពេលយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលសម្ភារៈដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា តាមរយះលោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានសម្រាប់ចាត់ចែងក្នុងកំឡុង ពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩នៅក្នុងខេត្តស្វាយរៀង។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ លោកជំទាវ ព្រុំ សុភី និងសហការី ព្រមទាំងតំណាងអង្គការការីតាសកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនាំយកសម្ភារៈ ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ មកជូននៅក្នុងបរិវេណសាលាខេត្ត។
ជាមួយនេះ ឯកឧត្ដអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ក្នុងការពង្រឹងអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំទៅដល់ប្រជាពលរដ្ឋដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺឆ្លងមួយនេះ។
សូមបញ្ជាក់ដែរថា សម្ភារៈដែលអង្គការការីតាសកម្ពុជា យកមកប្រគល់ជូនរដ្ឋបាលខេត្តរួមមាន៖សាប៊ូ២១កេស ស្មើនឹង១៥១២ដុំ, ម៉ាស៥០ប្រអប់ ស្មើនឹង២៥០០សន្លឹក, អាល់កុល១០បីដុង ស្មើនឹង១០០លីត្រ, និងផ្ទាំងអប់រំផ្សព្វផ្សាយ១០៥ដុំ ស្មើនឹង១០០០សន្លឹក៕