ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះចំនួន៣០០គ្រួសារ ក្នុងស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងអំណោយរាជរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៣០០គ្រួសារ ដែលបានបែងចែកជាពីរទីតាំងផ្សេងគ្នារួមមាន៖ ឃុំសន្តិភាពចំនួន១៥០គ្រួសារ, ឃុំសេកុង រួមជាមួយឃុំថ្មកែវចំនួន១៥០គ្រួសារ ក្នុងទឹកដីនៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ម៉ុម សារឿន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យបានល្អ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសរស់នៅត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីជៀសផុសពីជំងឺកូវីដ-១៩ និងជំរុញដល់អាជ្ញាធរតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។
អំណោយដែលផ្តល់ជូនដល់ប្រជាពលរដ្ឋទាំង៣០០គ្រួសាររួមមាន៖ មួយគ្រួសារៗទទួលបានអំណោយរបស់កាកបាទក្រហមកម្ពុជាមានអង្ករទម្ងន់២៥គីឡូក្រាម សាប៊ូ២ដុំ និងអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្នុងមួយគ្រួសារ ទទួលបានធុងជម្រោះចំនួន១ផងដែរ៕