បុរសម្នាក់ ដេកស្លាប់ម្នាក់ឯង ក្នុងបន្ទប់ក្នុងបុរីពិភពថ្មី៣ សង្ស័យលេបថ្នាំសំលាប់ខ្លួន ព្រោះតែមានវិបត្តិផ្លូវចិត្ត
រាជធានីភ្នំពេញ៖នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ដេកស្លាប់តែម្នាក់ឯង នៅក្នុងបុរីពិភពថ្មី៣ ស្ថិតនៅក្នុងបុរីពិភពថ្មី៣ផ្លូវលេខ៦ ផ្ទះលេខ៦៦សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលអ្នករស់នៅក្នុងបុរីខាងលើនេះមានការធំក្លិនជះភាយចេញមកខាងក្រៅ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
សាកសពត្រូវបានគេដឹងថាមានឈ្មោះ ហេង ប៊ុនផេង អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមការណ៍បញ្ជាក់ពីសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សពបុរសខាងលើនេះអាចស្លាប់រយះពេល៤សប្តាហ៍មកហើយ ដោយបុរសខាងលើនេះ បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរសាកសពមានកំប៉ុងថ្នាំពេទ្យចំនួន២កំប៉ុង ដែលបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ។
តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់សាកសពបុរសខាងលើនេះបានបង្ហើបឲ្យដឹងថា មូលហេតុដែលរូបគាត់លេបថ្នាំសម្លាប់ខ្លួនបែបនេះ ដោយសារតែមានវិបត្តិផ្លូវចិត្ត។សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕