ប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យជំនាញមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក និងអធិការ អធិការរងនគរបាលស្រុកព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ។
នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិព្រមទាំងឯកឧត្តម ងួន រតន:អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលសម្តេចព្រមទាំងឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតតែងតែបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ។
ជាមួយនេះឯកឧត្តមណែនាំផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ដែលទើបទទួលបាន នូវការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះត្រូវបន្តខិតខំបំពេញភារកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំផុត ត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ មានសីលធម៌ អាកប្បកិរិយាល្អសក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋ តែត្រូវប្តូរផ្តាច់ក្នុងភារកិច្ចការពារបូររណភាពទឹកដី ប្រឆាំងនិងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬទាក់ទិនជាមួយអំពើល្មើសច្បាប់ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វើនូវអំពើល្អគ្រប់ពេលវេលា។
ឯកឧត្តមស្នើដល់មន្រ្តីនគរបាលជាតិទាំងអស់ត្រូវបន្តចូលរួមបង្ការ ការពារខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារ ចំពោះករណីឆ្លងជម្ងឺCovid-19 ក្រៅពីនោះមន្រ្តីនគរបាលត្រូវបន្តបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដែលក្នុងនោះមន្រ្តីនគរបាលត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ លើបញ្ហានេះចៀសវាងនូវការរិះគន់ឬទិទៀនពីមហាជនចំពោះកំហុសឆ្គងរបស់មន្រ្តីនគរបាលយើងមួយចំនួនតូច មិនគោរពច្បាប់ហើយជះឥទ្ធិពលមិនល្អដល់មន្រ្តីនគរបាលជាតិទាំងមូល៕