ពលរដ្ឋរស់នៅស្រុកថ្មពួក ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន១៥គ្រាប់ នៅព្រំដែន
ខេត្តបន្ទាយមានជ័យ៖កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅស្រុកថ្មពួក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៥គ្រាប់នៅចំណុចចម្ងាយពីបង្គោលសីម៉ាលេខ៣២ប្រហែល១៧០ម៉ែត(ព្រំដែន)ស្ថិតនៅក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែលកំពុងភ្ជួរដីធ្វើចំការ។
បើតាមលោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖នៅវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះជុំ រស្មី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានភ្ជួរដីធ្វើចំការក៏ជួបប្រទះឃើញគ្រាប់មីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ចំនួន១៥គ្រាប់ ចំងាយពីបង្គោលសីមាលេខ៣២ ប្រហែល១៧០ម៉ែត្រ ហើយបានរាយការណ៍មកកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត បានសហការជាមួយកម្លាំងសំអាតមីនអង្គភាពហេឡូត្រាសដ៏ ចុះទៅពិនិត្យជាក់ស្តែង ហើយក៏បានធ្វើការប្រគល់គ្រាប់មីនទាំងនោះ ទៅកម្លាំងសំអាតមីនអង្គភាពហេឡូត្រាសដ៏ យកទៅធ្វើការបំផ្លាញចោល ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ៕