អគ្គីភ័យលេបត្របាក់ ផ្ទះពលរដ្ឋអស់១ខ្នងស្ទើតែទាំងស្រុង នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ផ្ទះ១ខ្នងធ្វើពីថ្មក្រោមឈើលើ ដែលមានទទឹង៨ ម៉ែត្របណ្តោយ២០ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារអូរអំបិល ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អេម ពៅ ជាភ្នាក់ងារកាសែត កម្ពុជាថ្មី ប្រចាំខេត្តបន្ទាយមានជ័យ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមលោក អេម ពៅ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើងឆេះចេញពីជាន់លើមួយសន្ទុះស្រាប់តែភ្លើងឆេះពេញបន្ទុកស្របពេលនោះមានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ដែរ តែដោយសារតែភ្លើងឆេះពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។ភ្លាមនោះរថយន្តពន្លត់អគ្គីសភ័យរបស់ស្នងការខេត្តបន្ទាយមានជ័យចំនួន៥គ្រឿង មានកម្លាំងរបស់នគរបាលពន្លត់អគ្គីសភ័យ កម្លាំងរបស់អាវុធហត្ថខេត្ត កម្លាំងរបស់យោធាខេត្ត និងមន្ត្រីមូលដ្ឋាន ក្រុងសិរីសោភ័យ ព្រមទាំង កម្លាំងសង្កាត់អូរអំបិលបានពួកដៃគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់ សស្រាំ ដោយសារកម្លាំងទឹកបាញ់ចេញពីរថយន្ត និង ភ្លៀងធ្លាក់មកជួយបន្ថែមទៀតធ្វើឲ្យភ្លើងស្រាកម្តងមន្ទិចៗ ២ម៉ោងក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង មិនបណ្តាលឲ្យរាលឆ្លងឆេះដល់ផ្ទះជិតខាងឡើង។
លោកអេម ពៅ បញ្ជាក់ថា ទំហំនៃការបាត់បង់ទ្រព្យសម្បត្តិក្នុងផ្ទះបើគិតជាទឹកប្រាក់ប្រហែលជាង៥០.០០០ដុល្លា។ពាក់ពន្ធ័ទៅនិងអគ្គីភ័យឆាបឆេះខាងលើនេះបើតាមសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ភ្លើងឆេះនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕