ពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ មកពី៣ភូមិ ក្នុងក្រុងសិរីសោភ័ណ ទទួលអំណោយរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តាមរយះអភិបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែគិតគូរយ៉ាងខ្លាំង ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងតំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ ដែលធ្វើឲ្យបងប្អូនមួយចំនួនរងផលប៉ះពាល់ ដោយមើលឃើញពីបញ្ហានេះ ប្រមុខថ្នាក់ដឹកនាំ តាមរយៈនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី បានចាត់ក្រុមការងារចុះជួយ ដល់បងប្អូនពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតស្បៀង។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម និងលោកស្រី បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ មកពី៣ភូមិមាន៖ភូមិគោកលៀប, ភូមិបែនចាន និងភូមិឈូក នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ រួមជាមួយនឹងអំណោយរបស់ក្រុមហ៊ុន តាន់ គីមអេង ផងដែរ។
ថ្លែងនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ថ្វីត្បិតកម្ពុជាមានអ្នកជាសះស្បើយដោយសារជំងឺកូវីដ១៩ ច្រើនក៏ដោយក៏យើងមិនត្រូវធ្វេសប្រហែសឡើយ ពោលគឺត្រូវរក្សាវិធានការការពារ និងអនាម័យទាំងអស់គ្នា និងត្រូវរួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺនេះ ឲ្យរលាយសាបសូន្យពីកម្ពុជា ដែលទាមទារឲ្យមានការចូលរួមពីបងប្អូនទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនពលរដ្ឋទាំង១០០គ្រួសារនោះ ក្នុង១គ្រួសារ ទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស រួមនឹងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕