បុរសវ័យ២៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងជំនាញ ស្នងការខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម លួចទ្រព្យសម្បត្តិ
ខេត្តព្រះវិហារ៖បន្ទាប់ពីចុះធ្វើការស្រាវជ្រាវកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឈានដល់កាលចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១២ និង០៥នាទី នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះសំណាក់ត្បូងពេជ្រពីរ ស្ថិតនៅភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ខេត្តព្រះវិហារ ពាក់ព័ន្ធករណីចោរកម្មលួចទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ(AMK)កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កៅ វ៉ាន់សុខ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ធ្លាប់ជាបុគ្គលិកចាស់បានបញ្ឈប់នៅឆ្នាំ២០១៩) រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕