ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន២៧គ្រួសារ នៅសង្កាត់បន្សាយរាក់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង លោកប្រធានមន្ទីរធម្មការ និងសាសនា លោកស្រីប្រធានមន្ទីរទេសចរណ៍ លោក លោកស្រីក្រុមការងារ និងជាសមាជិកសមាជិកានៃសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយសង្គ្រោះបន្ទាន់ ដើម្បីទៅផ្ដល់ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងសង្កាត់បន្សាយរាក់ ចំនួន២៧គ្រួសារ ស្មើនឹង ២៧ខ្នងផ្ទះ។
នៅក្នុងចំណោម២៧ខ្នងផ្ទះនោះរួមមានៈ០៣ខ្នងផ្ទះ ដែលបានទទួលរងនូវការខូចខាតរលំទាំងស្រុង ០៥ខ្នងផ្ទះ ធ្លាក់ពីលើជើងតាង និងចំនួន១៩ខ្នងផ្ទះ ដែលបានរបើកដំបូល សង្ក័សី និងស្បូវ។ បន្ថែមលើនេះ ក្រៅពីការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋានមួយចំនួនក៏បានរងគ្រោះថ្នាក់ ត្រូវសម្រាកនៅមន្ទីរពេទ្យ ក្នុងឧប្បត្តិហេតុនេះផងដែរ ដែលនេះគឺជាលើកទី១ហើយ នៅដើមឆ្នាំ២០២០ ត្រូវទទួលរងនូវគ្រោះថ្នាក់ធម្មជាតិ ដែលបានបង្កឱ្យមានការខូចខាត ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើនបែបនេះ។
ជាមួយនឹងសេចក្តីសោកស្ដាយជាពន់ប្រមាណ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងនូវអារម្មណ៍ក្តុកក្តួល និងចូលរួមរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែឈឺឆ្អាល និងចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ,ទឹកស៊ីអ៊ីវ០១យួរ ,មី០១កេស ,ត្រីខ ០១យួរ ព្រមទាំងឃីតកាកបាទក្រហមចំនួន១ផងដែរ៕