ឯកឧត្តមអភិបាលខេត្តកំពត ជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត មុនឱកាសបុណ្យចូលឆ្នាំថ្មី
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ កងកម្លាំងមកពីអង្គភាពទាំងបីក្នុងខេត្ត រួមមានៈស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នារយៈពេលកន្លងមកតែងបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ បង្ការ និងទប់ស្កាត់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។
ក្នុងនោះសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ ទាំងកំលាំងកាយចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ពិសេសក្នុងស្ថានការណ៍ប្រទេសជាតិយើងដែលកំពុងជួបប្រទះនូវបញ្ហាជម្ងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងបានចូលរួម យ៉ាងសកម្ម នៅក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការ ផ្សព្វផ្សាយជាសារសម្លេង របស់ក្រសួងសុខាភិបាលស្តីពីវិធានការអនាម័យសុខភាព ការត្រៀមបំរុង កន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តសកម្មរបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានថាខ្លាំងបន្ថែមទៀត ពិសេសត្រូវចូលរួមនឹងខិតខំអោយបានសកម្មក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តឲ្យមានលក្ខណៈល្អប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនថវិកាដល់តំណាងអង្គភាពកងកម្លាំងទាំងបី ដើម្បីជាការតបស្នង គុណតម្លៃការងារក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សរុបចំនួន៤៤,៤៥០,០០០រៀល រួមមាន៖
កងកម្លាំងនគរបាលខេត្តមានចំនួន៦១៨ ក្នុងម្នាក់៥០០០០រៀលសរុបថវិកា ស្មើនឹង៣០,៩០០,០០០រៀល។ដោយមានការចូលរួមបដិភាគពីឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនរគបាលខេត្ត ៥០% ស្មើនឹង១៥,៤៥០,០០០រៀល។
កងកម្លាំងកងអាវុធហត្ថខេត្តចំនួន៨៨នាក់ក្នុងម្នាក់ៗ៥០០០០រៀលសរុបថវិកា ស្មើនឹង ៤,៤០០០,០០០រៀល។ដោយមានការចូលរួមបដិភាគពី ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ៥០% ស្មើនឹង២,២០០,០០០រៀល។
កម្លាំងប្រតិបត្តិការសឹករងខេត្ត ចំនួន១៨៣នាក់ ក្នុងម្នាក់៥០០០០រៀល សរុបថវិកាស្មើនឹង ៩,១៥០,០០០រៀល ដោយមានការចូលរួមបដិភាគ១០០% ពីលោក ហុក ចិន្តា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត៕