សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវិស័យឯកជន ពន្យាប្រាក់ឈ្នួលជួលអគារ ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេង ក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីឌ-១៩
រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើជាថ្មីម្តងទៀតដល់វិស័យឯកជន សំខាន់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យមានការយោគយល់ដល់កូនបំណុល ដោយឲ្យពន្យាការសងបំណុល រួមទាំងការប្រាក់សម្រាប់កូនបំណុល ឬការពន្យាប្រាក់ឈ្នួលជួលអគារ ,ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេងជាដើម ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានវិបត្តិនៃជម្ងឺកូវីឌ-១៩នេះ។
សម្តេចតេជោ ហ៊ុន សែន ស្នើបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
នៅក្នុងឱកាសធ្វើសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះ គឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ ហើយសម្តេចតេជោចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។ដើម្បីទប់ទល់នឹងស្ថានការនៃជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រទប់ទល់ជាច្រើនជាបន្តបន្ទាប់។
សម្តេចតេជោបញ្ជាក់ថា នៅថ្ងៃនេះសម្តេចសម្រេចអោយមានការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ទាំងវិស័យរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតាមិនមានការឈប់សម្រាកនោះទេ ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃមកវិញនៅពេលក្រោយ។ជាមួយគ្នានោះ ត្រូវកាត់បន្ថយការធ្វើដំណើរ នៅតំបន់រមនីយដ្ឋាននានា, ទីប្រជុំជន តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោអនុញ្ញាតអាចធ្វើការគោរពសាសនា នៃពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើងបានត្រៀមបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ មានទាំងសណ្ឋាគារ និងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។ក្នុងនោះសម្តេចបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស រួមទាំងអាល់កុលផងដែរ។ បញ្ហាស្បៀងយើងបានត្រៀមអោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម។សម្តេចតេជោបានជំរុញអោយប្រជាកសិករត្រូវបង្កើនការដាំដុះដំណាំផ្សេងៗអោយបានច្រើនបន្ថែមទៀតដើម្បីអាចជួយបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងខ្វះខាតនោះ៕