ឯកឧត្តម ម៉ុម សារឿន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ កងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ និងវរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានក្រើនរំឭកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សាអនាម័យជានិច្ច និងស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬ ជំងឺផ្លូវដង្ហើម កូវិដ១៩ (COVID-19 )ដែលកំពុងរីករាលដាលជាសកល នៅបណ្ដាលប្រទេសជាច្រើន ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងគ្រោះនូវជំងឺដ៏កាចសាហាវមួយនេះដែរ។
ឯកឧត្តមអភិបាលខេត្តក្រើនរំឭកដល់កងកម្លាំងប្រដាប់អាវុធបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ព.ស ២៥៦៣ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុចកោះឬស្សី និងវរៈសេនាតូចលេខ១០១ នៅចំណុចកោះទន្សាយ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នៅថ្ងៃខាងមុខនេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានយកនូវអំណោយរបស់សមេ្តចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុចកោះឬស្សី រួមមានៈអង្គរ៥០០គីឡូក្រាម,មីជាតិចំនួន៦កេសធំ,ត្រីខកំប៉ុងចំនួន៦កេស,ទឹកស៊ីអ៊ីវចំនួន៦កេស,ទឹកត្រីចំនួន៦កេស,ក្រម៉ា ៣០,សាប៊ូ៦ឡូ និងថវិកាចំនួន១.០០០.០០០រៀល និងផ្តល់ជូនវរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ រួមមានៈអង្គរចំនួន០៤តោន,មីជាតិចំនួន២៦កេសធំ ,ត្រីខកំប៉ុងចំនួន២៦កេស ,ទឹកស៊ីអ៊ីវ២៦កេស,ទឹកត្រីចំនួន២៦កេស,ក្រម៉ាចំនួន៣២៦,សាប៊ូ៥០ឡូ និងថវិកាចំនួន៥.០០០.០០០រៀល៕