សម្តេចតេជោ ហ៊ុន សែន សម្រេចផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តែវិស័យរដ្ឋ និងឯកជនធ្វើការជាធម្មតា មិនមានការឈប់សម្រាកនោះទេ
រាជធានីភ្នំពេញ៖ពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ ហើយការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចមានប្រសាសន៍បន្តថា ការធ្វើសន្និសីទព័ត៌មាននេះ គឺជាការបញ្ជូនសារយ៉ាងសំខាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលចង់យល់ចង់ដឹងពីវិធានការ និងដំណោះស្រាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ចំពោះការរាតត្បាតជំងឺកូវីឌ-១៩ ក៏ដូចជាការឆ្លើយតបនឹងវិបត្តិដែលកើតមានឡើងពីជំងឺមួយនេះ។
ជាមួយគ្នានោះដែរសម្តេចតេជោក៏បានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ដែលបានខិតខំក្នុងការព្យាបាលអ្នកជំងឺអោយបានជាសះស្បើយជាបន្តបន្ទាប់។ទន្ទឹមនឹងនោះ សម្តេចតេជោបានបញ្ជាក់ថា មិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយ។សម្តេចតេជោក៏បានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់ និងអរគុណដល់បងប្អូនពលករជាង៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដែលរហូតមកដល់ពេលនេះ យើងមិនទាន់មានបងប្អូនពលករយើងណាម្នាក់ឆ្លងជំងឺកូវីឌ-១៩នៅឡើយទេ។
ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរព្រះគុណចំពោះ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងបណ្តាសប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ ដែលពេលនេះយើងទទួលបានទឹកប្រាក់រហូតទៅដល់ជាង១១ម៉ឺនដុល្លារហើយ។ សម្តេចតេជោ ក៏បានអរគុណដល់មន្ត្រីរាជការដែលបានបរិច្ចាគប្រាក់ខែមួយចំនួនចូលរួមក្នុងការទប់ទល់នឹងជំងឺកូវីឌ-១៩ ដែលពេលនេះមានអ្នកបរិច្ចាគកាត់ប្រាក់ខែនោះ ចំនួន១,៥៨៦នាក់ហើយ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថាចលនានេះ មិនមែនជាការទាមទានោះទេ គឺជាការបង្ហាញនូវទឹកចិត្ត នៃការចូលរួមរបស់បងប្អូនខ្មែរ ដែលចេះជួយគ្នាក្នុងគ្រាលំបាក។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះប្រទេស និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលក្នុងនោះដូចជាមាន ចិន, ជប៉ុន ,អាល្លឺម៉ង់ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដែលបានចូលរួមជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
សម្តេចតេជោសុំអំពាវនាវសូមអោយបងប្អូនពលរដ្ឋខ្មែរយើង ដែលនៅក្រៅប្រទេសសូមបន្តរស់នៅប្រទេសនោះជាបន្តទៀត ដោយត្រូវអនុវត្តតាមបែបបទប្រទេសគេ សូមកុំធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ។សម្តេចតេជោមិនអនុញ្ញាតិឲ្យបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសចូលមកកម្ពុជាអំឡុងពេលនេះនោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់បងប្អូនកងទ័ពមួកខៀវកម្ពុជានៃអង្គការសហប្រជាជាតិ ដែលកំពុងឈរជើងការពារសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសម៉ាលី ស៊ុតដង់ជាដើម ត្រូវមានតាមដានសុខភាព និងត្រូវមានរបាយការជាប្រចាំ។សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះគឺត្រូវរួមគ្នាប្រយុទ្ធទប់ទល់ការឆ្លងចូលជំងឺកូវីឌ-១៩ពីខាងក្រៅ៕