អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខដលពលករចេញពីថៃ មន្ត្រីចត្តាឡីស័ក មន្ត្រីនគរបាល កងកម្លាំងពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់
ខេត្តឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខដល់ពលករដែលចេញពីទឹកដីថៃ និងមន្ត្រីចត្តាឡីស័ក មន្ត្រីនគរបាល កងកម្លាំង មន្ទីរជំនាញនានា ដែលមានការពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដើម្បីពង្រឹងបន្ថែមទៅលើយន្តការត្រួតពិនិត្យ និងធានាឱ្យបានការនូវកាត់បន្ថយនូវហានិភ័យ ឱ្យមកនៅកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន។
ជាក់ស្តែង ក្រុមការងារបច្ចេកទេស ដែលផ្តល់ជូនតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ បានបំពាក់នូវឧបករណ៍សម្រាប់បាញ់ចំហាយអាល់កុល ថ្នាំសំលាប់មេរោគ ក្នុងការពិនិត្យដល់ពលករ ដែលបានចាកចេញពីប្រទេសថៃ មកកាន់កម្ពុជា។
គួររំលឹកផងដែរថា មន្ត្រីចត្តាឡីស័ក និងក្រុមការងារដែលបម្រើការ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ជាពិសេសប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល នូវអំណោយ និងការឧបត្ថម្ភជាបន្តបន្ទាប់ នូវសម្ភារៈ បរិក្ខាបច្ចេកទេស ចាំបាច់នានាយ៉ាងគ្រប់គ្រាន់ ដើម្បីបម្រើឱ្យការបំពេញការងារប្រកបដោយប្រសិទ្ធិភាព។
ជាមួយគ្នានេះ ឧបករណ៍ម៉ាស៊ីនវាស់ស្ទង់កំដៅ ក៏ត្រូវបានបំពាក់ជូន ដោយក្រុមការងារបច្ចេកទេស ក្នុងដំណើរចុះពិនិត្យតាមស្ថានភាពនៅតាមបណ្ដោយព្រំដែនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ៕