សម្តេចតេជោ ហ៊ុន សែន អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកា និងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19)
រាជធានីភ្នំពេញ៖តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផង និងបូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយើងផង។នេះបើយោងតាមផេកFacebookរបស់សម្តេចតេជោ។
សម្តេចតេជោបានបញ្ជាក់ថា “ យើងត្រៀមថវិកានេះសម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។កុំទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ។មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារអោយពួកគាត់បានជាបន្ទាន់ឆាប់បំផុត កុំអោយពួកគាត់ខ្វះស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ដែលមានក្នុងប្រទេសរបស់យើងសម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល”។
សូមអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕